ថ្នាំគ្រាប់ពន្យារកំណើត

ថ្នាំគ្រាប់ពន្យារកំណើត

ថ្នាំគ្រាប់ពន្យារកំណើត គឺជាវិធីការពារកុំឱ្យមានផ្ទៃពោះដ៏មានប្រសិទ្ធភាពសំរាប់ស្ដ្រី ជាពិសេសស្មាតហ្គឺលយើង បន្ថែមពីលើការប្រើស្រោមអនាម័យ ។ វាអាចប្រើបានសម្រាប់ស្ដ្រីដែលស្ថិតក្នុងវ័យបន្ដពូជ (១៥-៤៥ឆ្នាំ) ហើយមិនផ្ដល់ផល ប៉ះពាល់អ្វីដែលគួរឲ្យបារម្ភឡើយ ។

បើស្មាតហ្គឺលយើងបានជ្រើសរើសមធ្យោបាយថ្នាំគ្រាប់ពន្យារកំណើតបែបនេះសូមបន្ដប្រើវាឱ្យត្រឹមត្រូវតាមវេជ្ជបញ្ជា សូមកុំជឿតាមអ្នកជិតខាង រឺ មិត្តភកិ្ដដោយបោះបង់ការប្រើវាឡើយ។ ផ្ទុយទៅវិញអ្នកគួររតែទៅប្រឹក្សាយោបល់ជាមួយគ្រូពេទ្យឯកទេស មុននឹងប្រើ ឬ មុននឹងបពា្ចប់ប្រើវា។ បើសិនជាអ្នកមានកង្វល់អ្វីមួយជុំវិញការប្រើមធ្យោបាយនេះ សូមជួបប្រធាន ក្រុមស្មាតហ្គឺលដើម្បីឱ្យគាត់ជូនអ្នកទៅរកគ្រូពេទ្យដែលមានជំនាញច្បាស់លាស់សេវាខាងលើនេះ។

ថ្នាំគ្រាប់ពន្យារកំណើត មានពីរប្រភេទគឺៈ ថ្នាំគ្រាប់មានជាតិអរ័ម៉ូនលាយគ្នា (ស៊ីអូស៊ី) និងថ្នាំគ្រាប់មានជាតិអរ័ម៉ូន តែមួយមុខ (ភីអូភី) ។

ប្រភេទទី ១ៈថ្នាំគ្រាប់(ស៊ីអូស៊ី)នេះមានអ័រម៉ូនប្រូសេស្ទីន ០,១៥មក្រ និងអឺស្ដ្រូសែន ០,០៣ មក្រ។ ថ្នាំនេះមាន ២៨គ្រាប់ ក្នុងមួយបន្ទះ (៧ គ្រាប់មានពណ៌ និងទំហំខុសពី ២១ គ្រាប់)។ ថ្នាំនោះមានឈ្មោះថា ថ្នាំគ្រាប់ពន្យារកំណើត អូខេ  ឬ ស្រីពេជ្រ។

ពេលប្រើ សារធាតុថ្នាំនឹងទៅបពា្ឈប់ការបពោ្ចញមេជីវិតញី ហើយធ្វើអោយរំអិលមាត់ស្បូនឡើងខាប់ (មេជីវិតឈ្មោលពិបាកនឹងទៅដល់ក្នុងតួស្បូន) ដែលជាមូលហេតុធ្វើអោយតួស្បូនមានការពិបាកក្នុងការរៀបចំសំរាប់ការទំនៅរបស់គភ៌ (ស្រទាប់ក្នុងនៃស្បូនស្ដើង )។

ទោះបីជាយ៉ាងណា មធ្យោបាយពន្យាកំណើតដោយថ្នាំមានគុណសម្បតិ្ដ និងគុណវិបត្ដិផងដែរ។ គុណសម្បត្ដិ គឺត្រង់ថាមានប្រសិទ្ធភាពខ្ពស់ប្រសិនបើប្រើបានត្រឹមត្រូវទៀងទាត់ពេលរៀងរាល់ថ្ងៃ ជាពិសេសអនុវត្ដបានតាមវេជ្ជបញ្ជា ម្យ៉ាងទៀតគឺជួយបន្ថយការឈឺចាប់ពេលមានរដូវ និងធ្វើអោយឈាមរដូវទៀងទាត់តាមវដ្ដរដូវរបស់ស្រ្ដីយើង (២៨ថ្ងៃ) និងកាត់បន្ថយភាពសេ្លកស្លាំងទៀតផង។ អ្វីដែលគួរឱ្យពេញចិត្ដបំផុតនោះ ការប្រើថ្នាំគ្រាប់ពន្យារកំណើតមិនរំខានដល់ការរួមភេទទេ។

រីឯគុណវិបត្ដិគឺ អ្នកត្រូវតែចងចាំរបៀបនៃការលេបថ្នាំ ពោលគឺត្រូវលេបឱ្យទៀងម៉េាងទៀងពេលជារៀងរាល់ថ្ងៃ។ ថ្នាំនេះហាមមិនអោយប្រើចំពោះស្រី្តបំបៅដោះកូនទេ។ សូមចងចាំថាថ្នាំនេះ មិនអាចការពារការឆ្លងរោគតាមផ្លូវបន្ដពូជបានទេ ដូចជាមេរោគអេដស៍និងជំងឺកាមរោគនានា។

ប្រភេទទី ២ៈ ថ្នាំគ្រាប់(ភីអូភី)មានជាតិអរ័ម៉ូនប្រូសេស្ទីន ០,០៧៥ មក្រតែមួយមុខ ដែលអាចសមស្របចំពោះស្ដ្រីកំពុងបំបៅកូនដោយទឹកដោះម្ដាយ។ ថ្នាំនេះមាន ២៨ គ្រាប់ក្នុង ១ បន្ទះមានពណ៌ និងទំហំដូចគ្នា។ គុណសម្បតិ្ដខ្ពស់ ដែលអាចប្រើចំពោះស្ដ្រីកំពុងបំបៅកូនដោយទឹកដោះម្ដាយ ដែលមានអាយុតិចជាង ៦ខែ ហើយវារឹតតែមានប្រសិទ្ធភាព ប្រសិនបើប្រើវាត្រឹមត្រូវ។

អ្នកអាចជ្រើសរើសប្រើថ្នាំគ្រាប់មានជាតិអរ័ម៉ូន តែមួយមុខ(ភីអូភី) នេះបាន ប្រសិនបើមានបញ្ហាក្នុងការប្រើថ្នាំគ្រាប់មានអ័រម៉ូនអឺស្ត្រូសែន(ស៊ីអូស៊ី)។ ដូចគ្នានឹងថ្នាំ ស៊ីអូស៊ី ដែរ គឺវាអាចបន្ថយភាពសេ្លកស្លាំង។ ប៉ុន្តែរ វាមានប្រសិទ្ធភាពតិចជាងថ្នាំគ្រាប់មានអ័រម៉ូនលាយគ្នា។

របៀបប្រើ ៖

  • ចាប់ផ្ដើមលេបថ្នាំគ្រាប់ទី ១ ដំបូងនៅថ្ងៃណាមួយពីថ្ងៃទី១ ទៅថ្ងៃទី ៥ នៃវដ្ដឈាមរដូវ
  • លេបថ្នាំ ១ គ្រាប់ក្នុង ១ថ្ងៃ រៀងរាល់ថ្ងៃក្នុងម៉ោងដដែល
  • លេបថ្នាំទៅតាមទិសដៅនៃសញ្ញាព្រួញដែលមាននៅលើបន្ទះថ្នាំ
  • នៅពេលដែលលេបអស់ ១ បន្ទះ ហើយត្រូវបន្ដទៅបន្ទះថ្មីទៀតនៅថ្ងៃបន្ទាប់។
  • បើចង់ច្បាស់ជាងនេះទៀតត្រូវជួបគ្រូពេទ្យ

សរុបមក ថ្នាំទាំងពីរប្រភេទនេះប្រហាក់ប្រហែលគ្នា ប៉ុន្ដែមានគុណសម្បតិ្ដខុសគ្នាខ្លះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនអាចទិញថ្នាំនេះយកមកប្រើដោយខ្លួនឯងបានទេ។ សូមទៅទាក់ទងនៅក្លឹបស្មាតហ្គឺល នោះប្រធានក្លឹប នឹងណែនាំអ្នកឱ្យទៅជួបប្រឹក្សាជាមួយគ្រូពេទ្យដែលមានជំនាញ ទើបអ្នកដឹងថាមធ្យោបាយពន្យារកំណើតមួយណាសមស្របនឹងស្ថានភាពរបស់អ្នកហើយមានប្រសិទ្ធភាពខ្ពស់ ដោយមិនខាតបង់ប្រាក់ និងពេលវេលាច្រើន។

 

ស្វែង​រកយើង​នៅ​លើ​ហ្វ៊េស​ប៊ុក